ព័ត៌មានជាតិ

UNDP គាំទ្រផែនការជាតិ រួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ NDC 3.0 ដើម្បីសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកបូន ឆ្នាំ២០៥០

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភក្សាជាមួយ លោក Marcos Neto អគ្គនាយករង និងជានាយកមណ្ឌលមូលនិធិនិរន្តរភាព នៃអង្គការ UNDP ដើម្បីស្វែងរកសកម្មភាពអាទិភាព សម្រាប់អនុវត្តNDC3.0 ក្នុងវិស័យទាំងប្រាំ រួមមាន ថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។

លោក អ៊ាង សុផល្លែត បានថ្លែងសង្កត់ធ្ងន់ថា ការអនុវត្ត NDC 3.0 ជោគជ័យទៅបាន ទាមទារឱ្យមានការចូលរួម ពីគ្រប់វិស័យ មិនត្រឹមតែវិស័យរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការចូលរួមយ៉ាងសកម្ម ពីសហគមន៍មូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងជាពិសេស ដៃគូអន្តរជាតិ។

សូមបញ្ជាក់ថា ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែង ឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលបានបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុសកល៕

To Top