ព័ត៌មានជាតិ

ការធ្វើពិពិធកម្មទីផ្សារ ទេសចរណ៍ថ្មីបន្ថែម រវាងកម្ពុជា និង ខេត្តអៃឈិរបស់ជប៉ុន នឹងជួយឱ្យមានកំណើនភ្ញៀវ ទេសចររវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ លោក ហួត ហាក់ ចាត់ទុកថា ការធ្វើពិពិធកម្មទីផ្សារ ទេសចរណ៍ថ្មីបន្ថែម រវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៃប្រទេសជប៉ុន នឹងជួយឱ្យមានកំណើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ។

ក្នុងដំណើរទស្សនកិច្ចការងារ ចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូល ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ កាលពីនារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយ លោក Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការ ទេសចរណ៍ថ្មីៗ បន្ថែមទៀត រវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៅសាលាខេត្ត។

ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា គូភាគី មានទស្សនៈរួមគ្នាថាទាំងប្រទេសកម្ពុជា ជាតារាទើបនឹងរះពោរពេញដោយកាលានុវត្ត និងខេត្តអៃឈិ (Aichi Prefecture) ដែលមានសេដ្ឋកិច្ចនាំមុខគេមួយដែរ ក្នុងប្រទេសជប៉ុន ហើយសុទ្ធតែមានសក្តានុពលទេសចរណ៍ និង បេតិកភណ្ឌពិភពលោកដូចៗគ្នា ប្រពៃណីទំនៀម ទំលាប់គួរឱ្យចាប់អារម្មណ៍ ព្រមទាំងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ជាង៧២ឆ្នាំ ហើយដែលត្រូវបានតម្លើងកម្រិត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជួយបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍ រវាងប្រទេសទាំង ពីរកម្ពុជា-ជប៉ុន និយាយជារួម និងរវាងកម្ពុជា និង ខេត្តអៃឈិ (Aichi Prefecture) រួមមានមានការ ផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ ដល់ប្រជាជន នៃគោលដៅទេសចរណ៍ទាំងពីរ ការពិនិត្យលទ្ធភាពរៀប ចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការជំរុញជើងហោះហើរត្រង់ ដើម្បីឱ្យមានកំណើនការធ្វើ ទេសចរណ៍កើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top