មន្ទីរពេទ្យបង្អែក ស្រុកកោះញែក ជួយសម្រាលកូន ពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង បានជោគជ័យ
 
																						
											
											
											មណ្ឌលគិរី ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ដែលរស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលការជួយជ្រោមជ្រែង ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកកោះញែក បានដោយជោគជ័យ នៅលើទីទួលមានសុវត្ថភាព ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរយ៉ លោកអ៊ុត សុភា បានប្រាប់ដើមអម្ពិលថា ស្ត្រីគ្រប់ខែឆ្លងទន្លេនោះ ឈ្មោះដើម ថារី អាយុ២៦ឆ្នាំ រស់នៅភូមិរយ៉ ឃុំរយ៉ បានឈឺពោះគ្រប់ខែឆ្លងទន្លេ ។ ដោយសារផ្ទះសម្បែង ត្រូវទឹកជន់លេច ក្រុមគ្រួសារបានដឹកស្ត្រីនោះ ដោយមធ្យោបាយទូក និង ត្រូវបានក្រុមគ្រូពេទ្យ ជួយសម្រាលកូននៅលើទូក នាព្រឹកព្រលឹមថ្ងៃទី២៤ កញ្ញាតែម្តង ហើយមិនមានផលប៉ះពាល់ ដល់អាយុជីវិតពួកគាត់ឡើយ។បច្ចុប្បន្នម្តាយនិងកូន កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យ បង្អែកស្រុកកោះញែក។

អភិបាលស្រុកកោះញែកលោកសី ទួច នៅថ្ងៃទី២៥កញ្ញានេះ ដោយសារស្ថានភាពទឹកបានស្រកច្រើនហើយ លោកកំពុងចាត់ក្រុមការងារស្រុក ចុះស្រង់ទិន្នន័យការប៉ះពាល់និងខូចខាត ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី២០ដល់២៤កញ្ញា២០២៥ ឃុំចំនួន៦នៃស្រុកកោះញែក ត្រូវបានជំនន់ទឹកភ្លៀង និងមួយផ្នែកធំហូរហៀរមកពីទន្លេស្រែពក បានពន្លិចដីគោករបស់ឃុំទាំងនោះ បង្ករអោយមានការខូចខាតផ្លូវថ្នល់ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ វត្តអារាម។ក្នុងករណីនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានអះអាងថា ពុំមានមនុស្សស្លាប់ នោះឡើយ ៕













ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									