ព័ត៌មានជាតិ

កម្ពុជា បារម្ភ ចំពោះការចោទប្រកាន់ថៃថា ពលរដ្ឋខ្មែរ កំពុងឈ្លានពាន ទឹកដីថៃ១៧ទីតាំង

ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសខ្មែរ បានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើពលរដ្ឋខ្មែរថា កំពុងតែធ្វើសកម្មភាពឈ្លានទឹកដីថៃចំនួន១៧ទីតាំង នៅតាមបណ្តាខេត្តជាប់ព្រំដែន ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួង ការបរទេសខ្មែរ នាថ្ងៃទី២៥ កញ្ញា បានឲ្យដឹងថា “ សូមសម្តែង នូវការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការ នានារបស់ប្រទេសថៃ ជាពិសេសគេហទំព័រ របស់ការិយាល័យអ្នកនាំពាក្យ កងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ”។

ក្រសួងបន្តថា ជារឿងសំខាន់ ដែលត្រូវទទួលស្គាល់ការពិតថា ខណៈប្រទេសទាំងពីរ មិនទាន់បានកំណត់ខណ្ឌសីមា នៅតំបន់មួយចំនួន នៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កើនផល អស់ជាច្រើនទសវត្សរ៍មកហើយ លើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន ។ ការណ៍នេះ បានបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នា ដែលភាគីទាំងពីរ បានដោះស្រាយប្រកប ដោយស្មារតី មិត្តភាព តាមរយៈគណៈកម្មាធិការ ព្រំដែនទូទៅ និងបានឯកភាពបញ្ជូនបញ្ហា ស្មុគស្មាញទាំងនេះ ទៅគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយ ស្របតាម អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះ ហត្ថលេខាក្នុងឆ្នាំ២០០០ (MOU-2000) ។

ក្រសួងបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការ ព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមុនៗ ដោយមិនធ្វើសកម្មភាពណា ដែលអាចបង្កើនភាពតានតឹង ឬពង្រីកតំបន់ជម្លោះ ។ កម្ពុជាបាននិង កំពុងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ។ ហេតុនេះ មិនមែនជាកាយវិការស្ថាបនាទេ ដែលមានការបំផុសបញ្ហា ដូចបានប្រកាសជាសាធារណៈ ដោយកងទ័ពជើងទឹកថៃ ដែលបញ្ហានេះ ត្រូវបានដោះស្រាយសមស្របរួចហើយ ។ កម្ពុជាអំពាវនាវឱ្យភាគីថៃ លើកបញ្ហានេះមកដោះស្រាយក្នុងកិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក គ្រោងនឹងជួបគ្នានៅខែក្រោយ ។

ជាមួយគ្នានេះ ក្រសួងការបរទេស បញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្ត ដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់កម្ពុជា ក្នុងការស្វែង រកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទព្រំដែន ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិត ខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សា គោលជំហររបស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះទេ ៕

To Top