ក្រសួងទេសចរណ៍ ដាក់តាំងបង្ហាញម្ហូបអាហារ អត្តសញ្ញាណខ្មែរ នៅទីក្រុងកូឡាឡាំពួរ ក្នុងពិព័រណ៍ Food and Hotel Malaysia 2025

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រតិភូកម្ពុជាដឹកនាំដោយ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុន Informa Markets។

ពិព័រណ៍កម្រិតអន្តរជាតិនេះ មានការចូលរួមពីតំណាងរដ្ឋាភិបាល និងវិស័យឯកជនជុំវិញពិភពលោក សរុបចំនួន ១,៥០០ស្តង់ ដោយផ្តោតសំខាន់ លើការលើកកម្ពស់វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ដោយរំពឹងថាមានអ្នកចូលរួមជាអ្នកលក់ និងអ្នកទិញ (Buyers-Sellers) និងអ្នកទស្សនាប្រមាណ ១២,០០០នាក់ ក្នុងរយៈពេល៥ថ្ងៃនេះ។

នាឱកាសនោះផងដែរ ក្រសួងទេសចរណ៍ សហការជាមួយសណ្ឋាគារ ណាហ្គាវើល និងសមាគមចុងភៅកម្ពុជា បាននាំយកម្ហូបអាហារអត្តសញ្ញាណខ្មែររួមមាន ហហ្មុកត្រី នំបញ្ចុក និងគ្រាប់ស្វាយចន្ទី ដើម្បីតាំងបង្ហាញជូនភ្ញៀវ ដែលចូលមកទស្សនាស្តង់ពិព័រណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីជាការលើកកម្ពស់ វិស័យម្ហូបអាហារ និងបង្ហាញពីគោលដៅ ទេសចរណ៍ ទាក់ទាញរបស់កម្ពុជាផងដែរ។

លើសពីនេះ យុវជនកម្ពុជា ចំនួន ៣រូប ក៏នឹងចូលរួមការប្រកួតជំនាញធ្វើម្ហូប ក្នុងកម្មវិធី Mamee Asian Culinary Cup ដែលមានបេក្ខជនចូលរួមប្រកួតសរុបចំនួន ៣៦រូប មកពី ១២ប្រទេស នៅក្នុងតំបន់អាស៊ី។
តាមរយៈពិព័រណ៍នេះ ក្រសួងទេសចរណ៍ នឹងជំរុញផ្សព្វផ្សាយគោលដៅ ទេសចរណ៍កម្ពុជា បានកាន់តែល្អប្រសើរថែមទៀត លើឆាកអន្តរជាតិ ជាពិសេសផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគ លើវិស័យម្ហូបអាហារ ព្រមទាំងជំរុញលើកកម្ពស់ ជំនាញវិជ្ជាជីវៈទេសចរណ៍ផងដែរ ៕
ដោយ៖ ដារាត់| ដើមអម្ពិល


