ប្រេស៊ីល គាំទ្រការដោះស្រាយ វិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជាបានគាំទ្រ ចំពោះការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី និងគាំទ្របទឈប់បាញ់ ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោនិងឯកអគ្គរដ្ឋទូតប្រេស៊ីល នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ថា ក្នុងជំនួបនោះសម្ដេចតេជោបាន ជម្រាបលោកជំទាវអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហានាពេលកន្លងមក ។

ជាកិច្ចឆ្លើយតបជាមួយសម្ដេចតេជោ ឯកអគ្គរដ្ឋទូត បានអះអាងថា ប្រេស៊ីលគាំទ្រ ការដោះស្រាយបញ្ហាដោយសន្តិវិធី រវាងកម្ពុជា-ថៃ ។ ក្នុងនោះលោកស្រីជំរុញឱ្យភាគីទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាពឡើងវិញ ។
លោក ជា ធីរិទ្ធបញ្ជាក់ថា “សម្តេចតេជោរំលឹកដែរពាក់ព័ន្ធ ទៅនឹងស្ថានភាពព្រំដែន រវាងកម្ពុជានិងថៃ ដោយសម្តេចបាន ពន្យល់ លោកជំទាវ អំពីសារបាន ។ ក្នុងនោះលោកជំទាវ បានឆ្លើយតបទៅកាន់ សម្តេចតេជោថា គឺគាំទ្រទៅដល់ការ ដោះស្រាយ បញ្ហាដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដោយលោកជំទាវជំរុញឲ្យប្រទេសទាំងពីរ គោរពនូវបទឈប់បាញ់ ឈានទៅរកការដោះស្រាយ ប្រក្រតីភាពឡើងវិញ”។

សូមបញ្ជាក់ថា កម្ពុជាបានប្តេជ្ញា ចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយមិត្តភាព ចំពោះរាល់វិវាទព្រំដែន ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាគោលជំហររបស់ខ្លួនគឺថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កងកម្លាំងនោះទេ៕
