ព័ត៌មានជាតិ

សម្តេចតេជោ ស្នើប្រេស៊ីលបញ្ជូនគ្រូបង្វឹករបស់ខ្លួន មកបង្វឹកកីឡាករខ្មែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាតាមរយៈលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំកម្ពុជាបានស្នើសុឱ្យប្រេស៊ីសបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកដល់ផ្នែកកីឡារបស់កម្ពុជា។ ជាការឆ្លើយតបលោកស្រីថា នឹងគិតពិចារណា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោកស្រីឯកអគ្គរដ្ឋទូតប្រេស៊ីលនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោ បានមានប្រសាសន៍ទាក់ទង ទៅនឹងការពង្រីកពង្រឹងក្នុងវិស័យកីឡា ។ ដោយសម្ដេចតេជោ បានលើកឡើងថា ប្រេស៊ីលមានសក្កានុពល ជាពិសេសធនធានកីឡាល្អៗ នៅពេលដែលគេនិយាយពីប្រេស៊ីលគេ នឹងនឹកឃើញដល់កីឡាភា្លម ហើយសម្ដេច ក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរ នៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម ។

លោកបន្តថា “សម្តេចតេជោគូសបញ្ជាក់ ដូច្នេះភាគីទាំងពីរ គួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា ជាពិសេសគឺការបញ្ជូន គ្រូបង្វឹករបស់ប្រេស៊ីល មកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ ដើម្បីចំណងមិត្តភាព រវាងប្រទេសទាំងពីរផង ហើយដើម្បីជំរុញនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានចម្រើនទៅជាមួយនឹងគ្នា” ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកស្រីក៏បានរំលេចដោយបញ្ជាក់ថា ប្រេស៊ីលនឹងពិចារណា ក្នុងការរៀបចំឱ្យមានគ្រូបង្វឹក មកកាន់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះកីឡាបាល់ទាត់ នៅកម្ពុជា។ លោកស្រីលើកឡើងថា នេះជារឿងមួយដែលភាគីទាំងពីរ អាចធ្វើបានទៅជាមួយគ្នា ហើយធ្វើបានក្នុងពេលឆាប់ៗខាងមុខនេះ៕

To Top