អគ្គមេបញ្ជាការបដិសេធ ចំពោះការលើកឡើងថា សពយុទ្ធជនសមរភូមិមុខ នៅពេញព្រៃ

ភ្នំពេញ ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសខុសពីការពិត ក្នុងផេកផ្លូវការ របស់លោកគឹម សុខ ដែលថា “រាជរដ្ឋាភិបាលកម្ពុជា ទុកចោលសពយុទ្ធជន សមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជន ជាសមាជិកគ្រួសារទៀតផង”។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសព តាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុត ចំពោះយោធិនពលីទាំងអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាន មាតុភូមិ។

កងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់បុគ្គលនេះ ដែលជាទង្វើក្បត់ជាតិនិងមានគោលបំណងបំបាក់ស្មារតីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិងប្រជាជនខ្មែរ ដែលកំពុងរងគ្រោះ ពីការរំលោភបំពានមកលើបូរណភាពទឹកដី កម្ពុជា ៕

