សមាជិកអង្គទូតបរទេស ៤៣រូប និងតំណាងទីភ្នាក់ងារ UN ចំនួន៦ ចូលរួមស្ដាប់បទបង្ហាញ ពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៤៣រូប និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
លោកស្រីរដ្ឋមន្រ្ដីស្តីទី បានគូសបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងរាល់ចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ ពីថ្ងៃទី ៧ ខែសីហា និងថ្ងៃទី១០ខែកញ្ញា ក៏ដូចជាកិច្ចប្រជុំគណកម្មាធិការព្រំដែនថ្នាក់ភូមិភាគក្នុងខែសីហាឆ្នាំ ២០២៥។
លោកស្រីក៏បានបញ្ជាក់ជាថ្មីផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្ដភាពចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយរក្សានូវគោលជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះទេ ៕









