ក្រសួងការពារជាតិ ៖ ថ្ងៃទី២៥ កញ្ញា នេះ ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៥ល្ងាច មានស្នូរ សំឡេងបាញ់កាំភ្លេីង នៅខាងភាគីថៃ ជាង ៣០គ្រាប់

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៥ល្ងាច មានស្នូរ សំឡេងបាញ់កាំភ្លេីង នៅខាងភាគីថៃ ជាង ៣០គ្រាប់។

បើយោងតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជា ដែលឈរជើងនៅជួរមុខ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ម៉ោង ១១:២៥នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្ត្រជប់តាប្រិ ចំនួន ១គ្រាប់, ម៉ោង ១៦:៤៨នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្ត្រច្រកអានសេះ ចំនួន ៣គ្រាប់, ពីម៉ោង ១៦:៤៨នាទី ដល់ម៉ោង ១៧:០០នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃនៅទល់មុខភូមិសាស្ត្រ ព្រលានថ្ម បុស្សស្បូវ ជាំតែ ប្រហែលចំនួន២៥ ទៅ ៣០គ្រាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅយប់ថ្ងៃ២៥ ខែកញ្ញា នេះ ថា ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។
ក្រសួងការពារជាតិកម្ពុជា បានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។
កងកម្លាំងរបស់កម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។
ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕
