ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្ដប្រើគ្រប់យន្ដការ ដើម្បីជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជា ១៨រូប វិលត្រឡប់ជួបជុំគ្រួសារវិញ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដប្រើគ្រប់យន្ដការទាំងអស់ ដើម្បីជំរុញឱ្យភាគីថៃ មានការដោះលែងយោធិនកម្ពុជា ១៨រូប វិលត្រឡប់មកជួបជុំគ្រួសារវិញ នាពេលខាងមុខ ។

គិតត្រឹមថ្ងៃទី២៦ កញ្ញា នេះ ជា ថ្ងៃទី ៥៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។

នាឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រង របស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំភ្លេចពួកគាត់ឡើយ ។ រាជរដ្ឋាភិបាល បន្ដប្រើគ្រប់យន្ដការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិល ត្រឡប់មកជួបជុំគ្រួសារវិញ នាពេលខាងមុខ ។

សម្តេចធិបតី ថ្លែងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមាន ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋបាលខេត្តទាំង៧ នៅជាប់ព្រំដែនថៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួម ក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត៕

To Top