ព័ត៌មានជាតិ

សម្តេចធិបតី ថ្លែងអំណរគុណ ADB ដែលតែងតែគាំទ្រកម្ពុជា ទាំងការរៀបចំផែនការក្របខណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ ក្របខណ្ឌយុទ្ធសាស្ត្រ និង គោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​​ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ លោកស្រីនាយិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោកស្រីបញ្ចាប់បេសកកម្មការងារនៅកម្ពុជា។

លោកស្រីនាយិកា បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អ ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា ។ លោកស្រីនាយិកា ក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ដែលបានពង្រឹងភាពជាដៃគូ រវាងធនាគារ ADB និង កម្ពុជា ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីនេះលោកស្រីនាយិកា បានគោរពជម្រាបជូន សម្តេចធិបតីអំពីសមិទ្ធផលនានា និងគម្រោងមួយចំនួន ដែលកំពុងបន្តអនុវត្ត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងធនាគារ ADB និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិស័យអាទិភាពនានា រួមមានជាអាទិ៍៖ វិស័យអប់រំ, ធនធានទឹក, កសិកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ជាដើម។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្ម របស់លោកស្រីនាយិកា និងបានកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងធនាគារ ADB និង កម្ពុជា។

សម្តេចធិបតី បានអបអរសាទរ ​ចំពោះលោកស្រីនិយាកា ដែលបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណដល់ធនាគារ ADB ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ, ក្របខណ្ឌយុទ្ធសាស្ត្រ, និង គោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការរៀបចំចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) នៅឆ្នាំ២០២៩ ខាងមុខ ។

ជាមួយគ្នានេះ សម្ដេចធិបតី បានបញ្ជាក់ពីការបន្តគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកទឹកចិត្តដល់ធនាគារ ADB បន្តសហការឱ្យកាន់តែល្អ​ ប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍថ្មីៗបន្ថែមទៀត៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top