ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្តក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការគ្នាយ៉ាងជិតស្និទ្ធ អនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងជំរុញទេសចរចិននៅកម្ពុជាឡើងវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកទឹកចិត្តក្រសួង/ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ កម្ពុជានិងចិន សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពឱ្យបានផុសផុល ដើម្បីអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងជំរុញទេសចរចិននៅកម្ពុជាឡើងវិញ ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីខាងលើនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ។

ក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ ជាអ្នកផ្តល់ជំនួយដ៏ធំ និងជាប្រទេសនាំមុខ​ ដែលបានជួយដល់ការអភិវឌ្ឍ មូលធនមនុស្សសម្រាប់កម្ពុជា។ ជំនួយដ៏ច្រើននេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា ។ ប្រទេសទាំងពីរបាន និងកំពុងខិតខំធ្វើការរួមគ្នា ដើម្បីបង្កើនទំហំ ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសការបង្កើនការនាំចេញ ទំនិញកសិផលបន្ថែមទៀត ពីកម្ពុជាចូលទៅក្នុងទីផ្សារចិន ។

ក្នុងនោះដែល សម្តេចតេជោ ក៏បានចូលរួមអបអរសាទរ ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងជាលំដាប់ នៃទំហំវិនិយោគរបស់មិត្តចិននៅកម្ពុជា ។

ទន្ទឹមនេះ សម្តេចតេជោ សូមលើកទឹកចិត្តក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពឱ្យបានផុសផុល ដើម្បីអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណង ជំរុញទេសចរចិននៅកម្ពុជាឡើងវិញ បង្កើនជើងហោះហើរត្រង់បន្ថែមទៀត រវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លា ។

ឆ្លៀតឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ ក៏បានថ្លែងអំណរគុណ មិត្តចិន ដែលតែងគាំទ្រមាគ៌ា ផ្តល់ជំនួយយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា​ ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន អភិវឌ្ឍន៍ និងឧបត្ថម្ភគាំទ្រលើវិស័យនានា រួមមានហេដ្ឋារចនាសម្ព័ន្ធ វិស័យ ដឹកជញ្ជូន និងថាមពលជាដើម ជាពិសេសការគាំទ្រចំពោះគម្រោង គ្រប់គ្រងធនធានទឹកចម្រុះ​ហ្វូណនតេជោ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top