ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ គូសបញ្ជាក់ពីសក្តានុពល​ ទេសចរណ៍កម្ពុជា និងកត្តាសុខសុវត្ថិភាពរបស់កម្ពុជា ដល់សមាគមន៍ទីភ្នាក់ងារ ទេសចរណ៍ជប៉ុន

ភ្នំពេញ៖ ក្នុងដំណេីរទស្សនកិច្ច ចូលរួម ពិព័រណ៍ទេសចរណ៍ជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Astushi Sakai តំណាងទីភ្នាក់ងារ សមាគមន៍ទេសចរណ៍ជប៉ុន (JATA) និងសហការី អំពីការបង្កេីតនូវកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងកម្ពុជា និងសមាគមន៍ទីភ្នាក់ងារ ទេសចរណ៍ជប៉ុន (Japan Association of Travel Agents)។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាលើការបង្កើតកិច្ចសហប្រតិបត្តិការនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវបានផ្តល់កិច្ចធានា ដោយរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនតំណាងសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន ពីសក្តានុពលទេសចរណ៍កម្ពុជាដែលជាទីផ្សារថ្មី ប្រកបដោយសក្តានុពល និងពោរពេញ ដោយកាលានុវត្តវិនិយោគ ដែលត្រូវការការវិនិយោគ លើវិស័យទេសចរណ៍យ៉ាងច្រើន ពីវិនិយោគិនបរទេស និងការចាប់ដៃសហការគ្នា រវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជប៉ុន ដើម្បីរៀបចំ Famtrip មកប្រទេសកម្ពុជា ជួបពិភាក្សាគ្នាបង្កើតជាកញ្ចប់ទស្សនកិច្ច។

ជាមួយគ្នានេះ គូភាគីទាំងពីរ ក៏បានឯកភាពសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើង ។

សូមបញ្ជាក់ជូនថា សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents-JATA) ត្រូវបានបង្កេីតឡេីងតាំងពីឆ្នាំ១៩៥៩ ហេីយមានសមាជិកជាក្រុមហ៊ុនទេសចរណ៍ធំៗ ជាង ១.១០០ ក្រុមហ៊ុន នាពេលបច្ចុប្បន្ន៕
ដោយ៖ ដារាត់| ដើមអម្ពិល

To Top