ព័ត៌មានជាតិ

យោធាថៃ បានចាប់ផ្តើម ធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា នៅច្រកអានសេះ

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារ មុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរគោលការណ៍ អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ ។ រហូតមកដល់ម៉ោងនេះ ភាគីថៃនៅបន្តបាញ់ប្រហារ មកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ ។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា ៕

To Top