ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

កណ្ដាល ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្ដាល។


នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ការិយាល័យសិកម្មធនធានធម្មជាតិ និងបរិស្ថាន ប្រធានក្រុមប្រឹក្សាឃុំទាំង១២ មន្ត្រីកសិកម្មឃុំ សរុបទាំងអស់ ចំនួន ៥០០នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៦២នាក់។
លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាកូនកសិករម្នាក់ចេញមកពីតំបន់ជនបទរស់នៅឯជាយដែន លោកពិតជាមានមោទនភាពលើវិស័យកសិកម្ម ដែលជាមុខរបរស្នូលមួយបានចិញ្ចឹមប្រជាជនរាប់លាននាក់រស់នៅប្រកបដោយឥស្សរភាព សេចក្តីថ្លៃថ្នូរ និងសុខភាពល្អ ដែលនេះជា កេរិ៍្តមរតក តាំងពីដូនតាយើងមក ។ កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ យើងពិតជាមាន មោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។

ក្នុងន័យនេះ លោកបណ្ឌិតប្រតិភូក៏បានមានប្រសាសន៍ថា ការបង្កើតបណ្ដាញកសិករតេជោនេះឡើងកើតចេញពីការស្រឡាញ់ ពេញចិត្តលើការងារកសិកម្ម និងយល់ច្បាស់ពីគុណតម្លៃរបស់កសិករ ដែលជាសសរស្តម្ភមួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រជាជនយើង ពីព្រោះថា កសិករជាជាបេះដូងរបស់ប្រទេសជាតិយើង ជាពិសេសបើនិយាយពីមោទនភាពជាតិខ្មែរ គឺយើងទាំងអស់គ្នាតែងតែមើលឃើញក្នុងរូបារម្មណ៍ភ្លាម នូវវាលស្រែពណ៌មាសធំល្វឹងល្វើយ​ ដើមត្នោត និងបឹងទន្លេសាប ដែលផ្តល់អាហារដ៏សំខាន់ដល់ជាតិខ្មែរទាំងមូលតាំងពីដូនតាមក មិនមែនអគារខ្ពស់នៅទីក្រុងធំៗនោះទេ។

ក្នុងឱកាសនោះ លោកណ្ឌិតប្រតិភូបានពន្យល់ដល់កសិករទៀតថា រឿងកសិកម្ម តម្លៃស្រូវ ដែលបញ្ហានេះមិនមែនជួបតែកម្ពុជាយើងនោះទេ តាមការអង្កេត តម្លៃអថ្ករនៅទីផ្សារអន្តរជាតិ បានទាញតម្លៃស្រូវយើងធ្លាក់ចុះ ហើយម្យ៉ាងទៀត ដោយសារការស្តុកអង្ករពិភពលោកឆ្នាំមុន(២០២៤) នៅសល់ច្រើន ហើយបន្តប្រើប្រាស់ និងលក់ក្នុងឆ្នាំនេះ(២០២៥) ជាពិសេស ប្រទេសធំៗរួមមាន ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ដែលការណ៍នេះ ធ្វើឱ្យតម្រូវការអង្ករមានការថយចុះ សង្ឃឹមថា តម្លៃអង្ករនឹងល្អវិញនៅចុងឆ្នាំនេះ។

បន្ទាប់ពីបានស្តាប់មតិលើកឡើងរបស់កសិករមកពីតាម បណ្តាឃុំក្នុងស្រុកខ្សាច់កណ្តាលជុំវិញបទពិសោធន៍ ផលិតស្រូវរួចមក លោកបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវរកឱ្យឃើញតម្លៃផលិតដើមក្នុង១ឯកតា ឧទាហរណ៍ ផលិតស្រូវ១គីឡូក្រាម ចំណាយប្រាក់អស់ប៉ុន្មានរៀល ឬចិញ្ចឹមមាន់១ក្បាលរហូតដល់ថ្ងៃចាប់លក់ ចំណាយអស់ប៉ុន្មានរៀល ទើបយើងរកផលចំណេញឃើញ និយាយបែបនេះ គឺដើម្បីប្រែក្លាយបងប្អូនទៅជាកសិករសហគ្រិន។ ម្យ៉ាងទៀត ការចងក្រងជាបណ្តាញរ ឬជាក្រុមអ្នកផលិតក្នុងស្រុកខ្សាច់កណ្តាញឱ្យបានច្រើនជារឿងសំខាន់ សម្រាប់ផ្គត់ផ្គង់ឱ្យបានជាប់ជាប្រចាំលើទីផ្សារប្រកបដោយគុណភាព តម្លៃសមរម្យ កាត់បន្ថយថ្លៃដើមផលិត និងមានភាពប្រកួតប្រជែងខ្ពស់។

ជាមួយគ្នានោះ លោកបណ្ឌិតប្រតិភូបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ខែល ឬឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារការំលោភបំពាន គៃចំណេញលើកសិករ និង(២) សមាគមធ្វើជាស្ពានឱ្យបបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឪកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ។

សមាគមបណ្តាញកសិករតេជោ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម ចូលរួមសម្របសម្រួលធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់សេវាបច្ចេកទេស ការផ្សព្វផ្សាយកសិផល និងការផ្តល់ព័ត៌មានទីផ្សារផលិតផលកសិកម្ម៕

To Top