រដ្ឋមន្ត្រីទេសចរណ៍ ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដ៏សំខាន់

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ គឺជាមូលដ្ឋាន គ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ គឺជាឆ្អឹងខ្នង សេដ្ឋកិច្ចជាតិ មួយដ៏សំខាន់ ។

នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងសន្និសិទទេសចរណ៍ពិភពលោក នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន មានជំនួបទ្វេភាគី ដោយកិច្ចពិភាក្សាបានផ្តោតលើតួនាទី និងការចូលរួមរបស់កម្ពុជា នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន ដែលសម្រេចបាន នាពេលកន្លងមក, ការជំរុញការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព, ការលើកកម្ពស់ សមត្ថភាពកម្លាំងពលកម្ម នៅក្នុងវិស័យទេសចរណ៍ និងការបង្កើនគុណភាព ទេសចរណ៍នៅក្នុងតំបន់។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ ។
ឆ្លៀតឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានគូសរំលេចជូន លោកបណ្ឌិតអគ្គលេខាធិការ បានជា្របថា នៅមុនជំនួបនេះប៉ុន្មានម៉ោង (ថ្ងៃទី២៧ ខែកញ្ញា) ដោយយោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា មានករណីផ្ទុះអាវុធ ដែលចាប់ផ្តើមពីយោធាថៃ មកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ចំនួន ២លើក។

ក្នុងនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ កងកម្លាំងកម្ពុជា មិនបានតបតឡើយ និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា ថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានពេញលេញ និង ខ្ជាប់ខ្ជួន ។ ភាគីកម្ពុជា បានអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ ដូចគ្នាដោយស្មារតី ស្ថាបនា និងស្មោះត្រង់។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍, តបតាមការស្នើសុំរបស់កម្ពុជា លេខាធិការដ្ឋានអាស៊ាន នឹងបន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រកម្ពុជា លើគំនិតផ្តួចផ្តើមមួយចំនួនដូចជា ការរៀបចំគោលការណ៍ណែនាំអាស៊ាន ពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍, ធុរកិច្ចទេសចរណ៍បៃតង, មូលនិធិទេសចរណ៍បៃតងអាស៊ាន, គោលការណ៍ណែនាំអនាម័យ និងសុវត្ថិភាព និងជំរុញកិច្ចសហការជាមួយដៃគូរអាស៊ាន ក្នុងការលើកកម្ពស់ទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទទួលខុសត្រូវ៕
ដោយ៖ ដារាត់| ដើមអម្ពិល
