ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកា និងពិព័រណ៍ទេស ចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២៥ នៅវិហារឥស្លាមបឹងកក់

ភ្នំពេញ៖ ​​ក្រសួងទេសចរណ៍ នឹងរៀបចំ វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «អាស់សាឡាបូអា ឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) ដែលមាន អាសយដ្ឋានផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើរៀបចំឡើង ក្នុងគោលបំណង៖ (១) សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត សម្រាប់ទេសចរ គ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី (២) ដើម្បីបង្ហាញពីភាពសម្បូរបែប នៃសក្តានុពលទេស ចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍ មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា និង (៣) ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការទទួលបដិសណ្ឋារកិច្ច ទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារ ទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

ក្នុងនោះក្រសួង បានគូសបញ្ជាក់ថា វេទិកាខាងលើនឹងមានវាគ្មិន ជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍ មូស្លីម ធុរជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូល បន្ថែម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ក៏នឹងមានការរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីម ដែលដាក់បង្ហាញនូវ សេវាកម្ម និងផលិតផលទេសចរណ៍ នៅបរិវេណនៃទីតាំងខាងលើផងដែរ។ ក្នុងន័យនេះ សម្រាប់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សហគ្រិនមូស្លីម ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួម និងដាក់បង្ហាញផលិតផល សេវាកម្មរបស់ខ្លួនតាមរយៈស្តង់ពិព័រណ៍ខាងលើ សូម ទំនាក់ទំនងមកកាន់លេខាធិការដ្ឋាន នៃក្រុមការងារទេសចរណ៍មូស្លីម តាមរយៈអាសយដ្ឋានអ៊ីម៉ែល: muslim-friendly @tourism.gov.kh និងទូរសព្ទលេខ ០៩៦ ៩៩៧ ០៥០៥/០៩៧ ៩៥៨ ៤១០២/០៩០ ៥៦៩ ០៨៦៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top