សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ១០០ខ្នង ក្នុង ១ឆ្នាំ រយៈពេល ៥ឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នឹងសាងសង់ផ្ទះ សម្រាប់អតីតយុទ្ធជនកម្ពុជាចំនួន ១០០ខ្នង សម្រាប់ក្នុង ១ឆ្នាំៗ រយៈពេល ៥ឆ្នាំ ជាប់គ្នា ដោយចាប់ ពីឆ្នាំ២០២៥ ដល់២០៣០។
នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទ មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងនាមខ្ញុំ ជាមួយភរិយា ខ្ញុំសូមប្រកាសថា ខ្ញុំ នឹងជួយសាងសង់ផ្ទះសម្រាប់ អតីតយុទ្ធជន ១០០ខ្នងក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ បានសេចក្ដីថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ ឆ្នាំ២០៣០ ព្រោះអាណត្តិរបស់ខ្ញុំ នឹងអស់ នៅឆ្នាំ២០៣០ ដូច្នេះខ្ញុំ ប្រើពេលវេលា ៥ឆ្នាំ ស្មើនឹង ៥០០ខ្នង»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម ជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ និងបានយកចិត្តទុកដាក់ផ្តល់កិត្តិយស ផ្តល់របបគោលនយោបាយ សមស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈ៕
