សម្តេចតេជោ ៖ រាជរដ្ឋាភិបាល នឹងបង្កើនថវិកា ពី៤ពាន់ទៅ៨ពាន់លានរៀល សម្រាប់អតីតយុទ្ធជន និងនិវត្តជន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើនខ្ទង់ថវិកា ពី៤ពាន់លានរៀល ទៅ៨ពាន់លានរៀល សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតីតយុទ្ធជន និងនិវត្តជន ។
ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥សម្តេចតេជោ បានមានប្រសាសន៍ថា កម្មវិធីបង្កើនថវិកានេះ នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៦តទៅ ។ សម្តេចជោបន្តថា ចំពោះការបង្កើនថវិកា រហូតដល់៨ពាន់លានរៀលនេះ បានធ្វើឲ្យកាត់បន្ថយទៅដល់ការលំបាក របស់ថ្នាក់ដឹកនាំអតីតយុទ្ធជន ដែលមានឯកឧត្តមគន់ គីម ជាអ្នកដឹកនាំផ្ទាល់។

សម្តេចតេជោបានមានប្រសាសន៍ថា “តាមការបញ្ជាក់ ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត យល់ព្រមបង្កើនថវិកា ពី៤ពាន់លានរៀលក្នុង១ឆ្នាំ ទៅដល់៨ពាន់លានរៀលក្នុង១ឆ្នាំៗ ចាប់តាំងពីឆ្នាំ២០២៦ទៅ ព្រោះឆ្នាំនេះ គឺជាឆ្នាំកន្លងផុត ដែលបានបន្ថែម៥០០លាន ប៉ុន្តែចាប់ពីឆ្នាំក្រោយទៅ គឺបង្កើនរហូតទៅដល់៤ពាន់លានរៀល គឺយើងកើន៤ពាន់លានទៅកាន់៨ពាន់លានរៀល”។
ជាមួយនឹងការបង្កើនថវិកានេះ សម្តេចតេជោក៏បានផ្តល់អនុសាសន៍ឲ្យអនុវត្តថវិកាឲ្យចំទិសដៅនិងគោលដៅតាមការចង់បានរបស់អតីតយុទ្ធជន និងនិវត្តជន។

ចំពោះសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជានេះ សម្តេចតេជោ បានមានប្រសាសន៍អះអាងថា សម្តេចបានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីលើកស្ទួយជីវភាព របស់ពួកគាត់ តាមរយៈការបង្កើតសមាគមអតីតយុទ្ធជន ដែលគិតមកដល់ឆ្នាំ២០២៥នេះ មានអាយុកាលប្រមាណជា១៨ឆ្នាំហើយ ។
សម្តេចតេជោដែលប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃការគ្រប់គ្រង និងសុវត្ថិភាពក្នុងការ បើករបបសន្តិសុខសង្គមប្រចាំខែ តាមរយៈធនាគារ ដៃគូនៅទូទាំងរាជធានី-ខេត្ត៕
