សម្តេចតេជោ ៖ រដ្ឋមិនផ្តល់ដីសម្បទាន សេដ្ឋកិច្ច ទៅឲ្យអ្នកណាទៀតទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា រដ្ឋនឹងមិនផ្តល់ដីសម្បទាន សេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជន ណាទៀតទេ ដើម្បីទុកសម្រាប់ផ្តល់ឲ្យអតីតយុទ្ធជន និវត្តជន និងអ្នកក្រីក្រពិតប្រាកដ ដែលមានជីវភាពខ្វះខាត។
ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោបានមានប្រសាសន៍ថា រដ្ឋនឹងមិនផ្តល់ដីសម្បទានទៅអ្នកណាទៀតទេ ។
សម្តេចតេជោបានគូសបញ្ជាក់ថា “កាលពីមុនយើងបានកំណត់ចាប់តាំងពីឆ្នាំ២០១២មក យើងមិនបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅអ្នកណាទៀតទេ ក្រុមហ៊ុនណាទៀតទេ យើងបានដាក់ម៉រទ័រតាំងពីពេលនោះ ហើយយើងនឹងបន្តថា យើងនឹងមិនផ្តល់ដីធ្លីសម្រាប់អ្នកក្រុមហ៊ុនបន្តទៀតទេ”។
សម្តេចតេជោបន្តទៀតថា ចំពោះដីធ្លីដែលបានដកហូតនោះ នឹងត្រូវយកមករក្សាទុក សម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ច ដើម្បីត្រៀមបម្រុងចែក ជូនទៅប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលមានការខ្វះដី ។ ក្នុងនោះមួយផ្នែកធំ ក៏នឹងត្រូវចែកជូនទៅអតីតយុទ្ធជនកម្ពុជា ផងដែរ ។
សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា ដូច្នេះក្រសួងដែនរៀបចំនគរូបនីយកម្ម ត្រូវគ្រប់គ្រងដី ដែលដកហូតបាននេះ ឲ្យបានម៉ត់ចត់ជាទីបំផុត ដើម្បីផ្តល់ជូនទៅអតីតយុទ្ធជន ៕
