ព័ត៌មានជាតិ

មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា បានអនុម័តសេចក្តីសម្រេច ៩ចំណុច

ភ្នំពេញ ៖ មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាព សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអនុម័តសេចក្តីសម្រេច ៩ចំណុច ។

អង្គមហាសន្និបាតវិសាមញ្ញបានប្រព្រឹត្តទៅ ដោយរលូន តាមរបៀបវារៈដែលបានកំណត់ក្នុងបរិយាកាស សាមគ្គីភាព ភាតរភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានអនុម័តជាឯកច្ឆន្ទនូវរបាយការណ៍បូកសរុប លទ្ធផលការងាររយៈពេល ១០ឆ្នាំ (២០១៥-២០២៥) និងទិសដៅអនុវត្តបន្តរបស់សមាគម និងលក្ខន្តិកៈ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានប្តូរឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា មកជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងបានពង្រីកសមាជិកភាព របស់សមាគមគ្របដណ្តប់ទាំង និវត្តជន ដែលជាបុគ្គលធ្លាប់ បានបម្រើការងារ ក្នុងវិស័យសាធារណៈ ហើយបានបញ្ចប់ការងាររបស់ខ្លួន ត្រឹមត្រូវតាមច្បាប់ ព្រមទាំងបានកំណត់អំពីថ្នាក់ដឹកនាំសមាគម ដែលក្នុងនោះ សម្តេចអគ្គមហាសេនាបតី តេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរហូត ។

ជាមួយគ្នានេះ អង្គមហាសន្និបាតវិសាមញ្ញក៏បានអនុម័តនូវ សេចក្តីសម្រេចចិត្តមហាសន្និបាត ដែល មានខ្លឹមសារសំខាន់ៗចំនួន ៩ចំណុច។

អង្គមហាសន្និបាតវិសាមញ្ញ បានបន្តអំពាវនាវ ដល់សមាជិក សមាជិកាសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជាទូទាំងប្រទេស ចូលរួមអនុវត្តសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន កម្ពុជាទូទាំងប្រទេសនាពេលនេះ ឱ្យប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង សំដៅពង្រឹងពង្រីកសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យទៅជាអង្គការមួយដ៏រឹងមាំ ដើម្បីឧត្តមប្រយោជន៍អតីតយុទ្ធជន និងនិវត្តជន និង រួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត៕

To Top