ព័ត៌មានជាតិ

ក្រសួងធម្មការ ៖ ក្នុងឱកាសបុណ្យកឋិនទាន ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យកឋិនទាន ក្រសួងធម្មការ និងសាសនា បានហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជនជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាពព្រះពុទ្ធសាសនា។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ដើម្បីឱ្យការរៀបចំបុណ្យកឋិនទាន ប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឱ្យស្របទៅនឹងសេចក្តីណែនាំ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រសួងធម្មការ បានធ្វើការណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ថា «សូមយកព្រះទ័យ និងយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីកឋិនទាន ស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត»។

លោក រដ្ឋមន្ដ្រី បន្ដថា គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីធ្លាវត្ត ផ្លូវថ្នល់ បូជនីយដ្ឋាន តុបតែងលម្អ បំភ្លឺភ្លើង លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក គតិលោក គតិធម៌ និងពុទ្ធភាសិតជាដើម។

លោក រដ្ឋមន្ដ្រី បន្ថែមថា ធ្វើសេចក្តីណែនាំដល់អ្នកផ្តើមដង្ហែអង្គកឋិនទាន ត្រូវត្រួតពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយនូវប្រភេទ ក្មេងស្ទាវចូលរួមដង្ហែអង្គកឋិនទាន ព្រោះអាចមានមនុស្សមិនសុចរិត បង្កសកម្មភាព អាចនាំឱ្យមាន ទំនាស់រវាង ក្រុមមួយទៅក្រុមមួយ ធ្វើឱ្យខូចតម្លៃនៃបុណ្យកឋិនទាន និងតម្លៃនៃព្រះពុទ្ធសាសនា។

លោក រដ្ឋមន្ដ្រី គូសបញ្ជាក់ថា «គ្រប់វត្តអារាម ប្រសិនបើទេយ្យវត្ថុមានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែង រៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗ។ ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជនជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្យានុភាពព្រះពុទ្ធសាសនា»។

សូមរំលឹកថា ឆ្នាំនេះ កឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗ មួយចំនួន ដូចជា ៖ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង, ដើម្បីផ្តល់កម្លាំងកាយ ចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ, ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ, ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន៕

To Top