កំលាំងអាវុធហត្ថចាប់ខ្លួនជនសង្ស័យ ១៦នាក់(ស្រី០៤នាក់) ទីតាំង ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រេីប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
លោក ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជារកម្លាំងជំនាញដោយមានការដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គីមហួរ នាយការិយាល័យអាវុធហត្ថទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញ ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ១៦នាក់(ស្រី០៤នាក់)៕
វត្ថុតាងរួមមាន :
១-ក្រាមពណ៌សថ្លាចំនួន ៤កញ្ចប់ (សង្ស័យជាសារធាតុញៀន) ទម្ងន់៦.០៣ក្រាម ថ្លឹងទាំងសម្បក
២-ទូរសព្ទ ១០គ្រឿង
៣-ដបជក់ ០៣
៤-ដែកកេះ ០៥
៥-ម៉ូតូ ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕
