ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់

ភ្នំពេញ ៖ ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៣១ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ រួមមាន នៅថ្ងៃទី២៤ មាន៨ករណី ស្លាប់៤នាក់ របួស៦នាក់ ថ្ងៃ២៥ មាន៦ករណី ស្លាប់៥នាក់ របួស៧នាក់ ថ្ងៃទី២៦ មាន១ករណី ស្លាប់១នាក់ របួស២នាក់ ថ្ងៃទី២៧ មាន៥ករណី ស្លាប់២នាក់ របួស១៣នាក់ ថ្ងៃទី២៨ មាន៤ករណី ស្លាប់២នាក់ របួស៥នាក់ និងថ្ងៃទី២៩ មាន៧ករណី ស្លាប់៥នាក់ របួស១១នាក់។

លោក បានលម្អិតបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៦ថ្ងៃ ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងមកនេះ មាននៅ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ក្នុងឱកាសនៃពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន១០៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៦៨នាក់ និងរងរបួសធ្ងន់ស្រាល១៣៦នាក់។ ចំនួននេះគិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕

To Top