ព័ត៌មានជាតិ

ក្រសួងអប់រំ ត្រៀមបើកបង្រៀន តាមការផ្សាយផ្ទាល់ដល់សិស្សត្រៀមចូលសាកលវិទ្យាល័យ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ (Live Teaching) លើមុខវិជ្ជាវិទ្យាសាស្រ្តចំនួន៤មុខវិជ្ជា ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ សម្រាប់បំប៉នដល់សិស្សានុសិស្ស ដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា (សាកលវិទ្យាល័យ) ។

មុខវិទ្យាទាំង៤នោះរួមមាន ៖ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា។ គោលដៅនៃកម្មវិធីបង្រៀននេះ ដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ថា ជារៀងរាល់ឆ្នាំមានបេក្ខជនប្រមាណ៤០០០នាក់ បានដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយជិត៤០០០នាក់ទៀត ក៏បានដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រៅពីនេះ ដេប៉ាតឺម៉ង់គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក៏សុទ្ធសឹងតែជាកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលមានបេក្ខជន ដាក់ពាក្យប្រឡងចូលរៀនច្រើន។

លោកស្រីបន្តថា “អាស្រ័យហេតុនេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះតទៅ ដើម្បីបង្ហាញពីគន្លឹះដោះស្រាយសំណួរនិងលំហាត់ដែលបង្រៀនដោយសាស្រ្តាចារ្យដ៏ល្បីៗនិងមានបទពិសោធន៍ខ្ពស់” ។

លោកស្រីសង្កត់ធ្ងន់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីបង្រៀនតាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀនដោយការផ្សាយបន្តផ្ទាល់ (Live Teaching) ជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើមុខវិជ្ជា ៖ មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ពីម៉ោង១៦ដល់ម៉ោង១៧ , មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ពីម៉ោង១៧ដល់ម៉ោង១៨ , មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ពីម៉ោង១៨ដល់ម៉ោង១៩ និងមុខវិជ្ជាគណិតវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ពីម៉ោង១៩ដល់ម៉ោង២០ ៕

To Top