ព័ត៌មានជាតិ

ពោតក្រហមចំនួន២៥០តោន និងស្រូវស្រង៉ែថ្មី ត្រូវបានក្រុមហ៊ុនចំនួន២ ក្នុងខេត្តត្បូងឃ្មុំ ចុះកិច្ចសន្យាទិញលក់ពីកសិករ

ត្បូងឃ្មុំ៖ ពោតក្រហម និងស្រូវស្រង៉ែថ្មី ត្រូវបានក្រុមហ៊ុនធំៗចំនួន២ក្នុងខេត្តត្បូងឃ្មុំ ធ្វើការចុះកិច្ចសន្យា ទិញលក់ពីប្រជាកសិករ ក្នុងសហគមន៍កសិកម្មជីរោទិ៍រុងរឿង គឺ៖ ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) និងក្រុមហ៊ុន អ៊ិលប៊ីអិន អង្គរ (កម្ពុជា)។

ការចុះកិច្ចសន្យាទិញលក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសណ្ឋាគារ ភី អេន ធី ផាលេស ត្បូងឃ្មុំ។

បើតាមការឱ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យដឹងថា ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) បានទទួលទិញពោតក្រហមពី សហគមន៍កសិកម្មជីរោទិ៍រុងរឿង ដោយចុះកិច្ចសន្យាទិញលក់ពោតក្រហមស្ងួតចំនួន២៥០តោន។

ក្នុងនោះក្រុមហ៊ុន អិល ប៊ី អិន អង្ករ កម្ពុជា បានចុះកិច្ចសន្យា ទិញ លក់ ស្រូវចំណីប្រភេទពូជស្រវសែនក្រអូប០១ និងស្រូវស្រង៉ែថ្មី រវាងសហគមន៍កសិកម្មកសិកររុងរឿងផងដែរ។

ការចុះកិច្ចសន្យានេះនឹងធ្វើឱ្យបងប្អូនប្រជាកសិករកាន់តែមានឱកាសក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ៕

ដោយ: ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top