ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានណែនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រៀមលក្ខណៈផ្តល់ការគាំទ្រសម្រាប់សភាពការណ៍ចំពោះមុខ អាចមានការប្រែប្រួលក្នុងកាលៈទេសៈ នៃការទប់ទល់អំពើឈ្លានពានរបស់ភាគីថៃ។
ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អាណត្តិទី៦ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។
លោកស្រី ពុំ ចន្ទីនី បានថ្លែងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសរសើរ និងមានមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានភាពលេចធ្លោជាងគេលើការធានាបានស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ការគាំទ្របេសកកម្មរបស់កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចូលរួមយ៉ាងសកម្មជួយដល់ពលរដ្ឋដែលវិលពីប្រទេសថៃ និងដែលមានការលំបាកក្នុងជីវភាព និងការចូលរួមឧបត្ថម្ភគាំទ្រដល់ពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែន រងអំពើឈ្លានពានពីកងទ័ពថៃ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង មិនមែនត្រឹមតែទទួលខុសត្រូវលើកិច្ចការរួមចំណែកជួយសង្គ្រោះពលរដ្ឋក្នុងខេត្តនោះទេ ក៏ប៉ុន្តែក៏គាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ពលរដ្ឋនៅតាមតំបន់ព្រំដែនផងដែរ៕





