ភាពយន្តឯកសារលំហអាកាសកម្រិត 8K ដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា

ភ្នំពេញ៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HD ដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច” ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង ៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។

លោក Feng hui (ហ្វេង ហ៊ុយ )អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកថតវីដេអូភាពយន្តឯកសារនេះ គឺជាអវកាសយាននិក Shenzhou 13 ដែលមានលោក Zhai Zhigang (ចាយ ជីកាំង), លោកស្រីWag Yaping (វ៉ាង យ៉ាភីង)និង លោកYe Guangfu ( យេ កាំងហ្វូ)។ ក្នុងអំឡុងពេលបេសកកម្មរយៈពេលប្រាំមួយខែរបស់ពួកគេនៅក្នុងលំហបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់កម្រិត 8K ពួកគេបាននាំយក នូវភាពអស្ចារ្យនៃចក្រវាឡ របៀបធ្វើការលើស្ថានីយអវកាស និងការរស់នៅរបស់អាកាសយាននិកក្នុងលំហដ៏ធំទូលាយ។

បន្ទាប់ពីបានចូលរួមទស្សនាភាពយន្តឯកសាររបស់ចិននេះ រួចមកលោកហាក់ ស៊ីដែត នាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនបានវាយតម្លៃខ្ពស់ចំពោះភាពយន្តនេះដែលមានរូបភាពច្បាស់ និងបង្ហាញពីភាពរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន ។
« តាមរយៈភាពយន្តឯកសារនេះ ធ្វើឱ្យយុវជនកម្ពុជាដែលរៀនផ្នែកបច្ចេកវិទ្យាពួកគាត់បានយល់ច្បាស់ពីភាពអស្ចារ្យនៃបច្ចេកវិទ្យារបស់ចិន ជាពិសេសយាន្តអវកាសតែម្ដង។ ខ្ញុំសង្ឃឹមថាកម្ពុជា និងចិននឹងបន្តកិច្ចសហការគ្នាបន្ថែមទៀត ជាពិសេសលើបច្ចេកវិទ្យា និងវិស័យអប់រំ។ »

លោកស្រី Du Zenghui (ទូ ចឹងហ៊ុយ )នាយកវិទ្យាស្ថានខុងជឺភាគីចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានបង្ហាញនូវមោទនភាពខ្ពស់ ចំពោះភាពយន្តរបស់ចិននេះ ព្រោះវាបាន ជំរុញដល់និស្សិតកម្ពុជាកាន់តែច្រើនឱ្យខិតខំរៀនសូត្រពី បច្ចេកវិទ្យា និងវិទ្យាសាស្រ្តថ្មីៗដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យានៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្រុមសិស្សនិស្សិតដែលបានចូលរួមទស្សនាភាពយន្តរបស់ចិននេះ សុទ្ធតែបង្ហាញការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថតរូប និងការការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តចិននៅលើភពផ្សេងៗ ហើយអាចយកមកចែករំលែកដល់មនុស្សទូទាំងពិភពលោកបានឃើញ ។

សូមបញ្ជាក់ថា តាមរយៈខ្សែភាពយន្តបែបវិទ្យាសាស្ត្រនេះ មិនត្រឹមតែជួយដល់សិស្ស និស្សិតកម្ពុជា យល់អំពីចំណេះដឹងផ្នែកអវកាស និងពីវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងបន្ថែមទៀតនូវបំណងប្រាថ្នារបស់មនុស្សយើងសម្រាប់ជីវិតដ៏សុខសាន្ត និងស្រស់ស្អាតផងដែរ៕



