ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់មន្ត្រីនគរបាល បន្តអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ដេីម្បីទប់ស្កាត់បទល្មេីសនានា

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ បន្តអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យបានជាប្រចាំសំដៅធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសនានា។

ការដាក់បទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១២២រូប នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្តែងការកោតសសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំងអស់កន្លងមក បានធ្វើការងារសហកាដោយប្រើប្រាស់វិធានជំនាញយ៉ាងល្អ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានលទ្ធផលល្អ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ដថា តាមការពិនិត្យឃើញថាខណៈដែលប្រទេសជាតិ ឋិតក្រោមដំបូល នៃសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លំហូរ នៃបទល្មើសផ្សេងៗជាពិសេសបទល្មើសប្រព័ន្ធឌីជីថលក៏អាចកើតមានឡើងច្រើនផងដែរ ក៏ប៉ុន្តែ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ មិនអាចបណ្តោយឲ្យសភាពការណ៍បទល្មើសទាំងឡាយនោះ អាចកើតងាយៗបាននោះទេ យើងត្រូវប្រើប្រាស់សមត្ថភាពជំនាញដើម្បី ទប់ស្កាត់ និងបំផ្លាញបទល្មើសទាំងនោះឲ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខជូនពលរដ្ឋ និងសង្គមជាតិ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ ពិសេសនគរបាលនៅថ្នាក់មូលដ្ឋានខណ្ឌទាំង១៤ សូមបន្តបង្កើនយកចិត្តទុកដាក់លើកិច្ចការងារបន្តអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឲ្យបានជាប្រចាំបន្តទៀត សំដៅធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសនានា ដូចជាគ្រឿងញៀន , ក្មេងទំនើង អំពើចោរកម្ម និងល្បែងស៊ីសង ជាដើម កុំឲ្យកើតមានឡើងនៅតាមភូមិឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាក្តីកង្វល់ ដល់ការរស់នៅរបស់ពួកគាត់នោះ៕
