ក្រុមហ៊ុន Smart Axiata ស្វាគមន៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space និងបង្ហាញពីការប្តេជ្ញាលើកកម្ពស់ និងគាំទ្រយុវជន

រាជធានីភ្នំពេញ៖ នាថ្ងៃទី 1 ខែតុលា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការស្វាគមន៍ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈប្រតិភូមកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាដ៏យូរអង្វែងរបស់ក្រុមហ៊ុន Smart ក្នុងការជំរុញការអប់រំ ការលើកកម្ពស់សហគ្រិនភាព ការលើកកម្ពស់យុវជនកម្ពុជា និងការជំរុញសុវត្ថិភាពលើប្រព័ន្ធឌីជីថល។

មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ដែលបានបើកដំណើរការកាលពីខែឧសភា ឆ្នាំ2025 បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិនដ៏សំខាន់ ពីសំណាក់ក្រុមហ៊ុនឯកជននៅកម្ពុជា។ មជ្ឈមណ្ឌលនេះ ផ្តល់ជូនសហគ្រិននូវការបណ្តុះបណ្តាល ការណែនាំ កន្លែងធ្វើការរួមគ្នា និងការភ្ជាប់ទំនាក់ទំនងដែលជួយសហគ្រិនក្នុងការសាកល្បងគំនិតថ្មីៗ បង្កើនសមត្ថភាព និងភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា អាជីវកម្ម និងឧស្សាហកម្មប្រកបដោយភាពច្នៃប្រឌិត។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Smart ក៏បានរៀបចំនូវពិធីប្រគល់ជូន គម្រោង Smart ល្អ! រៀន ប្រចាំខែ រយៈពេល 12 ខែដោយឥតគិតលុយ ជូនដល់សិស្សនិទ្ទេស A ថ្នាក់ទី 12 ប្រចាំឆ្នាំ 2025 នេះ ដែលជាការបញ្ជាក់បន្ថែមពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការផ្តល់នូវធនធានឌីជីថលជូនទៅដល់យុវជន។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មលើការអប់រំឌីជីថល និងផ្ដោតលើទីផ្សារក្នុងពេលអនាគត។ កិច្ចផ្ដួចផ្ដើមរបស់ក្រុមហ៊ុន មិនត្រឹមតែបង្កើតនូវឱកាសថ្មីៗសម្រាប់យុវជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសេដ្ឋកិច្ច ដែលមានចំណេះដឹងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍផងដែរ។”
អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដែលក្របខ័ណ្ឌចីរភាពរបស់ក្រុមហ៊ុន Smart បានធ្វើការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីធានាថា យុវជនកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថល។ កម្មវិធីជាច្រើនដូចជា SmartStart Unipreneur Learning Platform (ULP), SmartEdu Scholarship និង SmartEdu University Student Development Program (USDP) បានលើកកម្ពស់ការអភិវឌ្ឍសិស្ស និស្សិតរាប់ពាន់នាក់ ជាមួយនឹងជំនាញសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ដែលជួយផ្សាភ្ជាប់គម្លាតរវាងការសិក្សា និងតម្រូវការទីផ្សារ។
បន្ថែមពីនេះ ក្រុមហ៊ុន Smart បានវិនិយោគជាច្រើនលើផ្នែក អក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងការការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈយុទ្ធនាការលើកកម្ពស់ការយល់ដឹង ក៏ដូចជាធនធាន និងការណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីជួយយុវជនឱ្យប្រើប្រាស់អ៊ីនធឺណិតប្រកបដោយទំនួលខុសត្រូវ និងសុវត្ថិភាព។

លោក Ritesh Kumar Singh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart បានលើកឡើងថា៖ «ក្រុមការងាររបស់យើងបានបំពេញកិច្ចការយ៉ាងសកម្មដើម្បីធានាថា យុវជនកម្ពុជាមិនត្រឹមតែទទួលបានការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្ដែក៏ទទួលបាននូវដំណោះស្រាយ ដើម្បីរីកចម្រើននៅក្នុងសង្គមឌីជីថលដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស»។ លោកបានបន្ថែមថា៖ «ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្រុមហ៊ុន Smart នឹងបន្តគាំទ្រនវានុវត្តន៍ និងដំណោះស្រាយឌីជីថល ដែលជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារថ្មីៗ និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយ»។
កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរមួយនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនឯកជននានា កំពុងចូលរួមយ៉ាងសកម្ម នៅក្នុងការអប់រំថ្នាក់ជាតិ និងការអប់រំបែបឌីជីថល។ តាមរយៈការវិនិយោគលើធុរកិច្ចថ្មី សហគ្រិនភាព និងសុវត្ថិភាពឌីជីថល ក្រុមហ៊ុន Smart នឹងបន្តដើរតួនាទី លើសពីក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ដើម្បីក្លាយជាដៃគូសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
