បណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល

កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
នៅក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យបងប្អូនកសិករនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ លើកឡើងនូវបញ្ហាប្រឈមក្នុងមុខរបររបស់ខ្លួន ដែលសរុបជារួមកសិករបានលើកឡើងនូវបញ្ហាមួយចំនួនដួចជា៖ ១.បញ្ហាកើនតម្លៃនៃធាតុចូលកសិកម្ម ២.បញ្ហាបន្លែ សាច់គោ និងស្រូវចុះថោកជាដើម ដែលប៉ះពាល់ដល់អ្នកដាំដុះ និងអ្នកចិញ្ចឹម។ ជុំវិញនឹងបញ្ហាប្រឈមទាំងអស់នេះ លោកបណ្ឌិតប្រតិភូ ពិតជាបានយល់ច្បាស់ ពីព្រោះលោកក៏ជាកូនកសិករ និងធ្លាប់ធ្វើកសិកម្មពីមុនមកដែរ។ លោកបណ្ឌិតដឹងយ៉ាងច្បាស់ថា “កសិករគឺជាក្រុមដែលហ៊ានទទួលយកហានិភ័យខ្ពស់ជាងគេក្នុងមុខរបររបស់ខ្លួន” ដែលហានិភ័យទាំងនោះអាចកើតឡើងតាំងពីពេលដាំដុះរហូតដល់ការលក់ចេញដូចជា៖ ហានិភ័យគ្រោះធម្មជាតិ ហានិភ័យប្រែប្រួលផ្នែកពាណិជ្ជកម្ម និងហានិភ័យទីផ្សារជាដើមដែលហានិភ័យទាំងអស់នេះសុទ្ធតែជាកត្តាធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ឬថ្លៃទិន្នផល។

ដោយហេតុនេះហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនបោះបង់កសិករចោលឡើយ ពោលមានតែពង្រឹងការយកចិត្តទុកដាក់ និងនៅជាប់ជានិច្ចជាមួយបងប្អូនកសិករ។ ពីខាងចំណែករបស់បងប្អូនកសិករវិញ លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលបានស្នើសុំឱ្យ (១) មានការតស៊ូព្យាយាម ភាពអត់ធ្មត់ខ្ពស់ (២) ប្រែក្លាយខ្លួនពីកសិករចិញ្ចឹមឆ្នាំងទៅជាកសិករសហគ្រិន ដែលដឹងច្បាស់លាស់ពីចំណេញខាត និងដឹងថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ទើបអាចកំណត់ថ្លៃលក់បាន (៣) ប្រសិនបើអាចសូមធ្វើកសិកម្មបែបចម្រុះដែលមានភាពប្រទាក់ក្រឡាគ្នា និង (៤) ជាពិសេសបងប្អូនទាំងអស់ត្រូវរៀនសម្របខ្លួនជាមួយនឹងកសិកម្មក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានចង្អុលបង្ហាញដល់បងប្អូនប្រជាកសិករត្រូវមានការចងក្រងគ្នាជាបណ្តាញឱ្យបានរឹងមាំដើម្បីការពារមុខរបរ និងសម្លេងរបស់កសិករ ជាក់ស្តែងយើងមានសមាគមបណ្តាញកសិករតេជោ ដែលមានលោកបណ្ឌិតជាប្រធាន ដែលសមាគមនេះបង្កើតឡើងក្នុងគោលបំណងចូលរួមការអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់នូវសេវាបច្ចេកទេសការផ្សព្វផ្សាយនិងការស្វែងរកទីផ្សារផលិតផលកសិកម្ម។

ដូចនេះ សូមបងប្អូនចូលរួមក្នុងសមាគមបណ្តាញកសិករតេជោ ដែលជាស្ពាន (១) តភ្ជាប់ឱកាសទីផ្សារជូនកសិករ (២) តភ្ជាប់បច្ចេកទេសជូនកសិករ (មានគុណភាពនិងកាត់បន្ថយថ្លៃដើម) (៣) តភ្ជាប់កសិករទៅនឹងពាណិជកម្មដែលមិនមានការកេងចំណេញពីកសិករដោយអយុត្តិធម៌ និង (៤) ចម្លងសម្លេងកង្វល់របស់បងប្អូនកសិករជូនថ្នាក់ដឹកនាំ។ លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលបានគូសរំលេចអំពីកង្វល់របស់បងប្អូនកសិករមានច្រើនតែគេអាចសង្ខេបបាន ៤ គឺ (១) បញ្ហាថ្លៃកសិផលគ្មានស្ថិរភាព (២) បញ្ហាធាតុចូលកសិកម្ម (ពូជ ជី ថ្នាំ…) មានតម្លៃប្រែប្រួលកើនឡើង (៣) បញ្ហាលើការស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ និង (៤) បញ្ហាទីផ្សារកសិផលរបស់ខ្លួននៅពេលចាប់ផ្តើមប្រមូលផល។

ជាចុងក្រោយ លោកបណ្ឌិត បានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាកសិករថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រឈមទាំងនេះជាជំហានៗ បងប្អូនកសិករយើងវិញត្រូវពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាពខ្ពស់ និងរកវិធីកាត់បន្ថយថ្លៃដើមឱ្យនៅទាប កាលណាផលិតផលមានគុណភាពរួមផ្សំនឹងថ្លៃដើមផលិតទាប នោះនឹងធ្វើឱ្យយើងមានភាពប្រកួតប្រជែងខ្ពស់ជាមួយកសិផលនាំចូល ដែលធ្វើឱ្យផលិតផលយើងលក់ដាច់ក្នុងទីផ្សារ ហើយប្រកួតប្រជែងដោយស្មើភាពផងដែរ៕





