ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រកឃើញសំណល់រាវហូរចេញពីទីតាំងក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD បានប៉ះពាល់ដល់អូរធម្មជាតិ ក្នុងខេត្តរតនគីរី

ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តរតនគិរី លោកមេឃុំយ៉ាទុង លោកមេភូមិពាក់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD និងបានរកឃើញករណីសំណល់រាវហូរចូលតំបន់ទឹកអូរធម្មជាតិ (អូរត្រាយ) ស្ថិតនៅក្បែរក្រុមហ៊ុន ចម្ងាយប្រមាណ ៣០ម. ហើយអូរនេះ មានទំនាក់ទំនងទៅអូរយ៉ាដាវ។

សំណល់រាវចេញពីក្រុមហ៊ុន បានធ្វើឱ្យកម្រិតអុកស៊ីសែននៅក្នុងទឹកអូរថយចុះ បង្កឱ្យមានត្រីងាប់មួយចំនួន។ ជាមួយគ្នានេះក្រុមការងារបានយកសំណាកសំណល់រាវ និងសំណាកទឹកអូរ សរុបចំនួន ៥ទីតាំង មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ។

ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់តម្រូវឱ្យក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD ដែលមានទីតាំងស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

១. បញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់ទោះរូបភាពណាក៏ដោយ។

២. ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៧ និងមាត្រា៦៩៤ និងអនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។

៣. ត្រូវផ្ដល់សំណងផលប៉ះពាល់ការខូចខាតបរិស្ថាន និងសុខភាពសាធារណៈ។

៤. ត្រូវកែសម្រួលប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៥. ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(EIA ) និងបង់មូលនិធិបរិស្ថាន និងសង្គម និងមូលនិធិទាយជ្ជទានបរិស្ថានឱ្យបានទៀងទាត់។

៦. ត្រូវបូមសំណល់រាវចេញពីស្រះរងកករ ទៅដាក់នៅស្រះស្ដុកបណ្ដោះអាសន្ន (ស្រះក្រាលកៅស៊ូខ្មៅ)ករណីស្រះស្ដុកពុំមានសមត្ថភាពស្ដុកគ្រប់គ្រាន់ ក្រុមហ៊ុនត្រូវធ្វើការជីកស្រះបន្ថែមសម្រាប់ស្ដុកសំណល់រាវបណ្ដោះអាសន្ន។

៧. ត្រូវជួសជុលទប់ស្កាត់ចំណុចបែកធ្លាយសំណល់រាវ។

៨. ត្រូវរៀបចំប្រព័ន្ធការពារសំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែកុំឱ្យលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។

៩. ត្រូវអនុវត្តចំណុចទី ៦ ៧ និង៨ ខាងលើ ជាន្ទាន់ ឱ្យបានរួចរាល់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ជាកំហិត ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ និងរាយការណ៍ជូនមន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន៕

To Top