លោក ហួត ហាក់ ៖ កម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជន នៅតំបន់មជ្ឈិមបូព៌ា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជន នៅតំបន់មជ្ឈិមបូព៌ា ។

ពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways មកកាន់កម្ពុជា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា, លោក ជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ, លោក Arik De ជា Chief Revenue and Commercial Officer of Etihad Airways, លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងតំណាងអង្គទូត ព្រមទាំងថ្នាក់ដឹកនាំពីស្ថាប័នរដ្ឋ និងឯកជន ភ្ញៀវកិត្តិយសជិត២០០នាក់ ។

ក្នុងសុន្ទរកថាអបអរសាទរនាឱកាសដ៏មានសារៈសំខាន់ ដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល លោករដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនេះ មិនគ្រាន់តែជាការតភ្ជាប់ផ្លូវអាកាសរវាងរាជធានីភ្នំពេញ និងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» ប៉ុណ្ណោះទេ តែជាស្ពានមិត្តភាពសហប្រតិបត្តិការដ៏រឹងមំា និងការចែករំលែកវិបុលភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងការនាំប្រទេសកម្ពុជា សក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជា ដល់ប្រជាជននៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និយាយដោយឡែក និងដល់ប្រជាជន នៅតំបន់មជ្ឈិមបូព៌ានិយាយជារួម។

សូមបញ្ជាក់ថា Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ដែលមានមូលដ្ឋាននៅរាជធានី Abu Dhabi។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ ក្នុងការផ្លាស់ប្តូររាជធានី Abu Dhabi ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោកមួយនេះ មានជើងហោះហើរត្រង់រវាងរាជធានីអាប៊ូដាប៊ី (Abu Dhabi)-រាជធានីភ្នំពេញ ចំនួន៤ជើងក្នុងមួយសប្តាហ៍ ពោល គឺរៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍៕







ដោយ៖ ដារាត់| ដើមអម្ពិល
