សិក្ខាកាម ២៦០នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលពិសេសសម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស គ្រឹះស្ថាន សម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ សិក្ខាកាមចំនួន ២៦០នាក់មកពីបណ្តាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារ បានបញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដោយឥតគិតថ្លៃសម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស គ្រឹះស្ថាន សម្រាប់ឆ្នាំ២០២៥ ដែលរៀបចំដោយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីក្រសួង។


អ្នកស្រី វុទ្ធី សៅនី ប្រធានផ្នែកធនធានមនុស្សនៃរោងចក្រហាវេសស្ព្រេដផេភើរ បានបង្ហាញការសប្បាយចិត្ត ដែលក្រសួងការងារបានបង្កើតវគ្គបណ្តុះបណ្តាលពិសេសប្រកបដោយគុណតម្លៃ និងអត្ថប្រយោជន៍ច្រើន សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្សនៃសហគ្រាស គ្រឹះស្ថាន។ អ្នកស្រីបន្តថា ចំណេះដឹងដែលទទួលបានពីវគ្គនេះ នឹងផ្តល់បង្កភាពងាយស្រួលក្នុងការដោះស្រាយវិវាទ ជាមួយសហជីពដោយអនុលោមតាមច្បាប់ដែលបានកំណត់។


ចំណែក លោក សំ សច្ចារ អ្នកគ្រប់គ្រងទូទៅនៃរោងចក្រស៊ីនសុងបូផែកខឺជីង បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលពិសេសនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីដឹងពីសិទ្ធិ និងករណីយកិច្ចទាំងនិយោជក់និងនិយោជិត ក៏ដូចជាលក្ខខណ្ឌតម្រូវអនុលោមតាមច្បាប់ ទាក់ទងការផ្តល់អត្ថប្រយោជន៍នានាឱ្យស្របទៅតាមច្បាប់។ ទន្ទឹមនេះ លោកក៏បានសំណូមពរឱ្យមានការបន្តបើកវគ្គពិសេសនេះ បន្ថែមទៀត ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត ដោយប្រើពេលវេលាឱ្យបានវែងជាងពេលនេះ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ដល់ថ្ងៃសៅរ៍ទី៤ ខែតុលា (វេន សៅរ៍អាទិត្យ) មានរយៈពេល៥ថ្ងៃ ដែលមានសិក្ខាកាមចូលរួមសរុប ២៦០នាក់ ស្រី ១២៨នាក់ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម ដល់ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈ សំដៅលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់ការងារ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងផលិតភាពការងារ នៅតាមសហគ្រាស គ្រឹះស្ថាន៕
