សមត្ថកិច្ចបំបែកសំបុកក្រុមលួចកាត់ខ្សែភ្លេីងនៅ០៣ក្រុង ស្រុកក្នុងខេត្តបាត់ដំបងបានហេីយក្រោយស្វែងរកជិតមួយសប្តាហ៍

បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានស្វែងរកនិងបំផ្លាញសំបុកក្រុមលួចកាត់ខ្សែភ្លេីង ដែលត្រូវបានផ្សព្វផ្សាយយ៉ាងចំហរក្នុងបណ្តាញសង្គមនាប៉ុន្មានថ្ងៃកន្លងមកនេះ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំនិងនគរបាលក្រុងបាត់ដំបង សហការក្របួចពួកនេះដល់លំនៅដ្ឋានមានគ្នាចំនួន០៣នាក់ក្នុងនោះមានបុរសចំនួន០២នាក់ និងស្រ្តីចំនួន០១ នាក់រួមទាំងដកហូតបានសម្ភារៈភស្តុតាងនៃអំពេីល្មេីសរួមមានខ្សែភ្លេីង បកសំបករួច កាំបិតនិងម៉ូតូជាមធ្យោបាយជិះធ្វេីសកម្មភាពយ៉ាងសកម្មនាពេលកន្លងមកផងដែរ។

តាមប្រភពពសមត្ថកិច្ចថា ពេលឃាត់ខ្លួនពួកគេ គឺមិនភ្លេចទេនូវឧបករណ៍ប្រព្រឹត្តគ្រឿងញៀនមួយឈុតផងដែរ ដែលគេតែងប្រេីប្រាស់ជាប្រចាំនាពេលកន្លងមក ហេីយតាមការឆ្លេីយ សារភាពក្រុមនេះបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងនៅពេលយប់លេីក្រុងបាត់ដំបង ស្រុកថ្មគោលនិងស្រុកឯកភ្នំ នាពេលកន្លងមក បេីទោះបីពេលចុងក្រោយរូបភាពនិងសកម្មភាពពួកគេត្រូវបានបង្ហោះផ្សព្វផ្សាយលេីបណ្តាញសង្គមយ៉ាងណាក៏ដោយក៏គេនៅបន្តសកម្មភាពលួចយ៉ាងសកម្មរហូតដល់ថ្ងៃឃាត់ខ្លួនបាន។

សមត្ថកិច្ចក៏បានដឹងហេីយអ្នកដែលទទួលទិញខ្សែទង់ដែងពីក្រុមនេះ ហេីយសមត្ថកិច្ចកំពុងបន្តនីតិវិធីលេីអ្នកទទួលទិញ ហេីយពេលនេះសមត្ថកិច្ចបន្តការសាកសួរនិងរៀបចំបញ្ជូនតាមនីតិវិធី ច្បាប់។



ដូចបានជម្រាបជូនខាងលេីសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
អត្ថបទ៖ ច័ន្ទ វិស្សាសៈ
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
រូបភាព៖ នគរបាលស្រុកឯកភ្នំ
