រដ្ឋមន្ដ្រី ហួត ហាក់៖ ទិវាដើរពិភពលោក បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាន នៃកត្តាសុខសន្តិភាព

កំពង់ចាម ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ដែលសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលត្រូវការជារៀងរាល់ថ្ងៃ។
ការលើកឡើងរបស់ រដ្ឋមន្ដ្រី ហួត ហាក់ នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នាថ្ងៃទី៥ តុលា ដើម្បីចូលរួមចំណែកជំរុញកំណើនទេសចរក្នុងរដូវកាលបៃតង (Green Season)នេះផង, ក៏ដូចជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត កំពង់ចាម ពិសេសបង្ហាញឱ្យពិភពលោកឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ, មានសាមគ្គីភាពរឹងមាំ និងសុខដុមរមនាទូទាំងប្រទេស។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងខេត្តកំពង់ចាម និងព្រះវត្តមានរបស់ព្រះសង្ឃចំនួន ២៥០អង្គ ប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជាង ៦,០០០នាក់។
ស្ថិតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ឯកភាពជាតិពេញលេញស្មារតីសាមគ្គីភាព ភាតរភាព ការរស់នៅប្រកបដោយសុភមង្គលសុខដុមនីយកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះ ហើយសន្តិភាពនេះត្រូវបានបន្តថែរក្សាពូនជ្រុំ ក្រោមការដឹកនាំដ៏ស្វាហាប់មោះមុត ត្រឹមត្រូវ និងប្រាកដនិយមរបស់ប្រមុខដឹកនាំវ័យក្មេងកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍, រួមចំណែកក្នុងការផ្តល់នូវកាលានុវត្តភាពថ្មីមួយបែប ដែលធ្វើឱ្យផលិតផលទេសចរណ៍ មានភាពសម្បូរបែប និងប្លែកៗតាមរយៈការធ្វើពិពិធកម្មផលិតផលកីឡាទេសចរណ៍៕




