សម្ដេចតេជោ ប្រាប់ពលរដ្ឋកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បី

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសកម្មភាពអសីលធម៍របស់ជនជាតិថៃ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពលរដ្ឋកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បីឱ្យសោះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេពីសកម្មភាពអសីលធម៍ របស់ជនជាតិថៃ ដោយភ្ជាប់នូវខ្លឹមសារថា «នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? »។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។
សម្ដេចបន្ថែមថា មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។
សម្ដេចកន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកសម្ដេចដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។
សម្ដេចបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យសម្ដេចបាត់បង់ ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។
សម្ដេចសូមអំពាវនាវ ជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បីឲ្យសោះ។
សម្ដេចបញ្ជាក់ថា «ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់»៕
