នាយប៉ុស្តិ៍នគរបាលរដ្ឋ បាលពោធិ៍អង្ក្រង ត្រូវបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ បន្តតាមនីតិវិធី

ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ ទ្រី បូរិន ជានាយប៉ុស្ថិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ទៅកាន់សាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយផ្ទុះអាវុធបណ្ដាលឱ្យបាត់បង់អាយុជីវិតយុវជនម្នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ តុលា នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនប្រជាពលរដ្ឋ និង សាធារណជនជ្រាបថា ករណី ផ្ទុះអាវុធបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទី នៅចំណុចផ្លូវបេតុង ក្នុងភូមិក្រញូង ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទី ជានាយប៉ុស្តិ៍នគរបាលរដ្ឋ បាលពោធិ៍អង្ក្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។
ក្រោយកើតហេតុ ជនសង្ស័យបានប្រគល់ខ្លួនជូនជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងក្នុងពេលបំពេញភារកិច្ច ក្នុងនោះកំលាំងផ្នែកព្រហ្មទណ្ឌបានចាប់ យកអាវុធ AK47 ស្វាយបត់ មួយដើម លេខ៤០៣៤ បង់ ១ គ្រាប់ចំនួន ១៩ ដែលជាវត្ថុតាងបណ្តាលឱ្យ ស្លាប់យុវជនឈ្មោះ ផាន ផាយុ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង អាវុធ AK47 មកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការបន្តតាមច្បាប់ ជាក់ស្តែងក្រោយចំណាត់ការ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បាន បញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
