ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបករណីផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ មានអត្រាការប្រាក់ខ្ពស់ ដោយឃាត់ខ្លួនបានជនសង្ស័យ ៦៤នាក់

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បាន ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីប្រតិបត្តិការបង្ក្រាបករណី ផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ ។

បើតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានជម្រាបជូន ដល់ប្រជាពលរដ្ឋ សាធារណៈជន និងពិសេសអ្នកនិយមលេងបណ្តាញសង្គម ឱ្យបានជ្រាបថា រយៈពេល ០២ ថ្ងៃកន្លង ទៅនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើការបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ស្ថិតក្នុង ភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ស្រី ២៤ នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ ។

កិច្ចប្រតិបត្តការទ្រង់ទ្រាយធំនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងនាយកដ្ឋាន ប្រឆាំងភារវកម្ម ចុះស្រាវជ្រាវករណីខាងលើ ។

ក្រោយពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានគោរពសុំគោលការណ៍ និងទទួលបានការឯកភាពពី សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និង លោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តព្រៃវែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បូករួមជាមួយកម្លាំងនគរបាល នៃនាយក ដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវករណីខាងលើក្នុងមូលដ្ឋានស្រុកមួយចំនួនក្នុង ខេត្តព្រៃវែង អស់រយៈពេល ០២ សប្តាហ៍ ។

ទីបំផុត កម្លាំងនគរបាល បានស្រាវជ្រាវកំណត់ទីតាំងសង្ស័យចំនួន ០៥ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៦៤ នាក់ (ស្រី ២៤ នាក់) រួមនិងវត្ថុតាងមួយចំនួនធំទៀត ។ ក្នុងចំណោម ក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដោយក្នុងនោះមាន ០៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ ដោយឡែក ០១ ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវ កម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ៕

To Top