ព័ត៌មានជាតិ

សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់សង្កាត់ និងក្រុង ដើម្បីពិនិត្យ វាយតម្លៃ និងកៀរគរធនធានសម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋាន

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាក្រុង និងរដ្ឋបាលក្រុងពោធិ៍សាត់បានបើកសិក្ខាសាលាសមាហរណកម្មវិធ៏វិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) របស់សង្កាត់និងក្រុងដើម្បីពិនិត្យវាយតម្លៃកៀរគរធនធានសម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។

លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានគូសបញ្ជាក់ពី ចក្ខុវិស័យអាទិភាព របស់ក្រុងក្នុងការបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេវាសាធារណៈ ដោយអំពាវនាវដល់មន្ទីរ អង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយគាំទ្រគាំទ្រលើគម្រោងចាំបាច់ទាំងនេះ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងបើកកម្មវិធីដោយសង្កត់ធ្ងន់ថា ដំណើរការសមាហរណកម្មនេះ គឺជាយន្តការគន្លឹះមួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លោកបានជំរុញឱ្យក្រុង និងសង្កាត់ត្រូវធ្វើការពិគ្រោះយោបល់ឱ្យបានល្អិតល្អន់ ដើម្បីធានាថាគម្រោងវិនិយោគបីឆ្នាំរំកិលនេះមានលក្ខណៈ ស៊ីចង្វាក់ គ្នារវាងតម្រូវការរបស់មូលដ្ឋាន និងគោលនយោបាយយុទ្ធសាស្ត្រថ្នាក់ជាតិ និងខេត្ត។

នៅក្នុងគម្រោងអាទិភាពជាច្រើនដែលស្នើឡើងដោយសង្កាត់ទាំងអស់នៅក្នុងក្រុង ត្រូវបានធ្វើបទបង្ហាញ និងពិភាក្សា។ លោកប្រធានមន្ទីរផែនការ បានដឹកនាំការងារ បូកសរុប លទ្ធផលនៃការធ្វើបទបង្ហាញ និងបានផ្តល់នូវធាតុចូលបច្ចេកទេសសំខាន់ៗ ដើម្បីកែលម្អគុណភាពឯកសារគម្រោង និងភាពប្រាកដប្រជាក្នុងការកៀរគរថវិកា។

សិក្ខាសាលាបានឈានដល់ការបិទបញ្ចប់ដោយជោគជ័យ និងរកបាននូវបញ្ជីគម្រោងអាទិភាពច្បាស់លាស់សម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់។

លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បានថ្លែងបិទកម្មវិធីសិក្ខាសាលាដោយបានធ្វើការបូកសរុបលទ្ធផលនៃការធ្វើសមាហរណកម្ម និងបានផ្តល់អនុសាសន៍និងធានាថារដ្ឋបាលក្រុងនិងក្រុមប្រឹក្សាក្រុងនឹងបន្តដឹកនាំ និងជំរុញការអនុវត្តគម្រោងវិនិយោគដែលបានឯកភាពគ្នាទាំងនេះ ឱ្យចេញជាផ្លែផ្កាជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងក្តីរំពឹងនិងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ប្រភព&រូបភាព៖ ផេកផ្លូវការរបសលោកប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់
ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)

To Top