ព័ត៌មានជាតិ

យោធភូមិភាគទី៤ កម្ពុជា បញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ ថៃ ដើម្បីឱ្យប្រជុំ RBC គ្រោងធ្វើឡើងនៅថ្ងៃទី១៥-១៧ តុលា

ភ្នំពេញ ៖ យោធភូមិភាគទី៤ កម្ពុជា ចេញលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ ថៃ ដើម្បីឱ្យកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ RBC គ្រោងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅខេត្តឧត្តរមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការពារជាតិ នារសៀលថ្ងៃទី៧ តុលា នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប អំពីដំណើរនៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលានេះ។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីការផ្ញើលិខិតអញ្ជើញលើកទីមួយកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។

គួររំលឹកផងដែរថា ការអញ្ជើញភាគីថៃចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕

To Top