ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ បរិវេណសាលាខេត្តមួយចំនួន ការ៉ូឡាដុះសុទ្ធតែស្មៅ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅតាមបរិវេណសាលាខេត្តមួយចំនួន ការ៉ូឡាដុះសុទ្ធតែស្មៅ ដូច្នេះចំណុចនេះ ត្រូវគិតគូរឡើងវិញ ដើម្បីសម្អាតបរិវេណសាលាខេត្តរបស់ខ្លួន។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាស អញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ចាប់ផ្ដើមសម្អាតបរិវេណ អគាររដ្ឋបាលរបស់រដ្ឋជាមុនសិន ដើម្បីឈានទៅប្រកាស ឱ្យប្រជាពលរដ្ឋអនុវត្ត គោលនយោបាយ«សម្អាតផ្ទះខ្ញុំ»។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «សូមឱ្យខេត្តទាំងអស់យកចិត្តទុកដាក់ ព្រោះផ្ទះរបស់ឯកឧត្តម លោកជំទាវដែលជាអភិបាលរាជធានី ខេត្តទាំងគ្មានខេត្តណាទៅសម្អាតជំនួសផ្ទះយើងទេ និយាយត្រង់សូម្បីតែសាលាខេត្តមួយចំនួន ការ៉ូឡាដុះសុទ្ធតែស្មៅ ត្រូវចាប់ផ្តើមអាហ្នឹងមុនគេសិន។ បើកន្លែងយើងធ្វើការសុទ្ធតែស្មៅ ស្មោគគ្រោក អាហ្នឹងពិបាក»។

នាឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា កន្លងមក បានបើកកិច្ចប្រជុំជាមួយអគ្គស្នងការនគរបាលជាតិ និងអភិបាលរាជធានី ខេត្តទូទាំងប្រទេស ដោយកំណត់ និងត្រូវបន្តយកចិត្តទុកចំពោះការសម្អាតអនាម័យ រក្សាសណ្តាប់ និងសោភ័ណភាពបរិស្ថាន ព្រមទាំងពង្រឹងឱ្យបានរឹងមាំកុំឱ្យមានការរំលោភបំពានចំណីផ្លូវនៅតាមទីកន្លែងសាធារណៈផងដែរ៕

To Top