ព័ត៌មានជាតិ

អគារសេនាធិការ(អ.ហ)មណ្ឌលគិរី ដែលប្រើពេលសាងសង់៧ឆ្នាំ ជិតរួចរាល់ហើយ

មណ្ឌលគិរី៖ ប្រើពេលសាងសង់ជិត៧ឆ្នាំ ដែលចំណាយថវិការរាប់សែនដុល្លា អគារសេនាធិការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានសាងសង់ជិតរួចរាល់ ពោលគឺបានប្រមាណជា៩០%ហើយ។

អគារនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រីហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបញ្ជាក់ប្រាប់ដើមអម្ពិលថា បានចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី 18ខែ កុម្ភ: ឆ្នាំ 2019 រហូតដល់បច្ចុប្បន្ន លើទំហំ 11ម៉ែត្រ គុណ 56ម៉ែត្រ កម្ពស់ បីជាន់ ស្មើរ 2016ម៉ែត្រការ៉េ ដោយមិនទាន់បានបូកសរុបថវិការចំណាយច្បាស់លាស់នៅឡើយ។

ការបញ្ជាក់របស់មេបញ្ជាការខេត្តនេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក សុិន សុផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋានកាលពីថ្ងៃទី០៧ខែតុលាឆ្នាំ២០២៥នៅខេត្តមណ្ឌលគិរីនេះ។

សូមរំលេចដែរថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក្រោមដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានធ្វើឱ្យកម្លាំងអាវុធហត្ថខេត្តចូលរួមចំណែកអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និង បង្ក្រាបបទល្មើស ជាពិសេសអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ ។

តាមរយៈការខិតខំប្រឹងប្រែងទាំងអស់នេះបានធ្វើឱ្យកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថបានយ៉ាងមានប្រសិទ្ធិភាព ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបរាល់បទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និង ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ ៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top