ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ គ្រូអប់រំកាយ និងកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះ នៃកាយសម្បទា និងសុខភាព សម្រាប់សិស្សានុសិស្ស

សៀមរាប ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រូអប់រំកាយ និងកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះនៃកាយសម្បទា និងសុខភាព សម្រាប់សិស្សានុសិស្ស។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកីឡា ជាពិសេសវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា អង្គការពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានសហការគ្នា រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នាឱកាសនេះ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «វគ្គបំប៉ននេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការបន្តពង្រឹងគុណវុឌ្ឍិគ្រូ ជាពិសេសគ្រូអប់រំកាយ និងកីឡា ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃកាយសម្បទា និងសុខភាព សម្រាប់សិស្សានុសិស្សរបស់យើង ដោយការអប់រំកាយ និងកីឡាមិនមែនគ្រាន់ តែជាមុខវិជ្ជាបន្ថែមប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏ចាំបាច់នៃកម្មវិធីសិក្សា ដើម្បីធានាបាន នូវការលូតលាស់ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញា ឆ្ពោះទៅការអភិវឌ្ឍធនធានមនុស្ស»។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលវិស័យកីឡាក្នុងរយៈប្រមាណ ១០ឆ្នាំចុងក្រោយនេះ ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយក្រសួងបានធ្វើការកែលម្អ និងបំពាក់ឧបករណ៍នានាឱ្យមានលក្ខណៈស្តង់ដាឡើងវិញនូវទីលាន និងកន្លែងហ្វឹកហាត់កីឡាជាតិសំខាន់ៗ ជាពិសេសគឺការរៀបចំទីលានប្រកួតឱ្យស្របតាមស្តង់ដាអន្តរជាតិ ដើម្បីជំរុញការគាំទ្រ ពីមហាជនចំពោះវិស័យកីឡា, ការដាក់ចេញនូវទិសដៅអប់រំកាយ ដោយយើងបានជំរុញចលនា “យុវជនម្នាក់ត្រូវចេះកីឡាមួយយ៉ាងតិច” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវមុខវិជ្ជាអប់រំកាយ និងកីឡា នៅក្នុងកម្មវិធីសិក្សាតាមសាលារៀន ដើម្បីធានាបានថា សិស្សានុសិស្សគ្រប់រូបមានទម្លាប់រស់នៅសកម្ម និងមានសុខភាពល្អ៕

To Top