បញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៥១ ស្នើទីបញ្ជាការកងកម្លាំងបូព៌ាថៃ ផ្អាកសកម្មភាពរបស់ខ្លួន គ្រោងដោះមីន នៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់

ភ្នំពេញ ៖ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ កម្ពុជា បានស្នើទីបញ្ជាការកងកម្លាំងបូព៌ាថៃ ផ្អាកសកម្មភាពរបស់ខ្លួន គ្រោងដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ព្រោះសកម្មភាពនេះ ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេច ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
យោងតាមលិខិតរបស់ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ថា ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ដូចនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព ដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ JCTF៕
