កម្ពុជា បណ្តេញចេញជនជាតិវៀតណាមចំនួន ៣០នាក់ ចេញពីប្រទេស តាមច្រកព្រំដែនអន្តរជាតិបាវិត

ភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ បានបណ្តេញចេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ ស្រី១៣នាក់ តាមច្រកព្រំដែនអន្តរជាតិ បាវិត ក្រោយកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចជំនាញនៃគណៈបញ្ជាការ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតវៀតណាម»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥បានបញ្ជាក់ឲ្យដឹងថា ជនជាតិវៀតណាមទាំង ៣០នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្នុងកិច្ចប្រតិបត្តិការថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ក្នុង ចំណោមជនបរទេសសរុបចំនួន ៣៣នាក់ នៅទីតាំងមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។ ការបណ្តេញចេញនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការសម្ភាសន៍កំណត់សញ្ញាណរងគ្រោះដោយអំពើជួញដូរមនុស្សរួចរាល់តាមនីតិវិធីជាតិ និងអន្តរជាតិ ដោយមិនមានសញ្ញាណរងគ្រោះនោះទេ។
ជនបរទេសទាំង៣៣នាក់ បានសម្ងំលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល មានមេខ្លោងជាជនជាតិចិនចំនួន ០៣នាក់ ក្រោមរូបភាព “Malware-Enabled Scam” ដោយប្រើប្រាស់ ទឹកដីកម្ពុជាធ្វើសកម្មភាពឆបោកប្រជាពលរដ្ឋវៀតណាម នៅប្រទេសវៀតណាម។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងសម្ភារៈបម្រើដល់ប្រតិបត្តិការឆបោកមួយចំនួនរួមទាំងប្រាក់ជាផលនៃ បទល្មើសចំនួន ២៨,៨០០ដុល្លាអាមេរិក និង១២,០០០,០០០រៀល និងបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យជាមេខ្លោងឆបោកជនជាតិចិនចំនួន ០៣នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីអនុវត្ត ច្បាប់ពីបទឆបោក និងសម្អាតប្រាក់៕
