រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ កងកម្លាំងយោធាចម្រុះថៃ បានរំលោភបំពានមកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជា បានប្រើគ្រឿងចក្រឈូសឆាយដី រួចធ្វើសកម្មភាពរាវមីន នៅភូមិព្រៃចាន់

បន្ទាយមានជ័យ ៖ តាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ ថា នាវេលាម៉ោង១០:៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងយោធាចម្រុះថៃ បាន រំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានប្រើគ្រឿងចក្រឈូស ឆាយដី រួចធ្វើសកម្មភាពរាវមីន លើដីដែលពួកគេបានព័ទ្ធរបងលួស កាលទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំពើឈ្លានពាន លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លីនបំផុត តាមរយៈការអនុវត្ត ច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានថ្កោលទោសយ៉ាងដាច់អហង្កការចំពោះសកម្មក ដ៏គឃ្លីន និងអមនុស្សធម៌របស់កងកម្លាំងចម្រុះយោធាថៃ មកលើព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលជាការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភលើ MOU ឆ្នាំ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រម ព្រៀងគ្នារវាងប្រទេសទាំងពីរ ដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវ បានបញ្ចប់។ ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់គណកម្មការ ចម្រុះព្រំដែន (JBC)៕
