ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ជំរុញការអភិវឌ្ឍជីវភាពសហគមន៍ នៅតំបន់ទេទឹកពុះ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីគម្រោងអភិវឌ្ឍជីវភាព សហគមន៍តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តតំបន់ទេទឹកពុះ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក បានថ្លែងថា ផែនការសកម្មភាពអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ នឹងរៀបចំឡើង ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍ និងសាធារណជន ធានាបាននូវការអភិវឌ្ឍដោយចីរភាព។

ក្រសួងបរិស្ថាន ធ្វើការពន្លឿនរៀបចំអភិវឌ្ឍន៍តំបន់ទេទឹកពុះ ក្នុងគោលដៅឱ្យក្លាយជាគោលដៅលំហែបៃតង បម្រើឱ្យប្រយោជន៍សាធារណជន និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា និងឆ្ពោះទៅជាសហគមន៍អព្យាក្រឹតកាបូន។

គួរជម្រាបជូនថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សាសេ និងអាចមានទៅរហូតដល់១០០អង្សាសេ។ តំបន់នេះត្រូវបានចាត់ទុកថាជាកន្លែងកើតមានបាតុភូតធម្មជាតិចម្លែកគ្មានពីរនៅកម្ពុជា ដែលទាក់ទាញទេសចរមកកម្សាន្ត និងជំនឿលើទឹកពុះ ដែលអាចព្យាបាលជំងឺមួយចំនួនផងដែរ។

តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន មានកន្លែងសក្ការៈបូជា និងមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ។ បច្ចុប្បន្ននេះស្ថានភាពសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៅមានព្រៃឈើ ដែលជាតំបន់ភ្នំអារក្ស ទីតាំងជំនឿរបស់បងប្អូនជនជាតិសួយ៕

To Top