ព័ត៌មានអន្តរជាតិ

មហាអំណាចចិន​ បន្ដរក្សាជំហរអព្យាក្រឹតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

ប៉េកាំង៖​ ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្នុងនាមជាប្រទេសជិតខាងជាមិត្តនៃប្រទេសទាំងពីរ ប្រទេសចិន​ បានប្រកាន់ជំហរត្រឹមត្រូវ និងយុត្តិធម៌ ហើយបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញការចរចាដើម្បីសន្តិភាព។

នៅលេីទំព័រហ្វេសប៊ុករបស់ឯកអគ្គរាជទូតចិនលោក​ Wang Wenbin បានឧ្យដឹងថា​ រដ្ឋមន្ត្រី​ការបរទេស​ចិន កម្ពុជា និង​ថៃ សម្រេច​បាន​លទ្ធផល​មួយនៅ​ក្រុង Anning ខេត្តយូណាន​របស់​ចិន។ ប្រទេសទាំងបី​ បានធ្វើការពិគ្រោះយោបល់ក្រៅផ្លូវការមួយ​ ហេីយបេសកជនពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើដំណើរទស្សនកិច្ចការទូតជាច្រើនលើក ដើម្បីសន្តិភាពរវាងភាគីទាំងពីរ។

ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសចិន ម៉ាឡេស៊ី និងភាគីផ្សេងទៀត​ កម្ពុជា និងថៃ​ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ហើយភាគីទាំងពីរកំពុងធ្វើការទំនាក់ទំនងតាមរយៈយន្តការទ្វេភាគី។ ភាគីពាក់ព័ន្ធបានយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសចិន​ សម្រាប់ការដើរតួនាទីដែលមិនអាចជំនួសបាននៅក្នុងដំណើរការនេះ។

ប្រទេសចិន​ គាំទ្រកម្ពុជា និងថៃ​ ក្នុងការដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ និងគាំទ្រម៉ាឡេស៊ី​ ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្នុងការលើកកម្ពស់ការដោះស្រាយបញ្ហានយោបាយតាមរយៈមាគ៌ាអាស៊ាន។

ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច​ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរបស់កម្ពុជា និងថៃ បន្តជំរុញការចរចាដើម្បីសន្តិភាពតាមវិធីរបស់យើង ហើយដើរតួនាទីស្ថាបនា​ សម្រាប់ការបង្រួបបង្រួមកិច្ចព្រមព្រៀងឈប់បាញ់ និងជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី។

ប្រទេសចិន​ អនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិជាធម្មតាជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ រួមទាំងកម្ពុជា និងថៃផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនីមួយៗបានព្យាយាមប្រើកិច្ចសហប្រតិបត្តិការបែបនេះដើម្បីសាបព្រួសជម្លោះរវាងប្រទេសចិន និងប្រទេសពាក់ព័ន្ធ។ ការប៉ុនប៉ងបែបនេះនឹងមិនជោគជ័យឡើយ។

ប្រែសម្រួល​ បូរ៉ា

To Top